ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) នេះថា ប្រទេសកូរ៉េខាងជើង នឹងមិនចរចាអំពីអធិបតេយ្យភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើយ ដោយបានរិះគន់ទីក្រុងវ៉ាស៊ីនតោន ថាជាប្រទេស «មុខពីរ» សម្រាប់ការផ្តល់កិច្ចពិភាក្សាសន្តិភាព ខណៈពេលដែលបង្កើនសកម្មភាពយោធានៅក្នុងតំបន់។

លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងជាមន្ត្រីជាន់ខ្ពស់បាននិយាយថា សហរដ្ឋអាមេរិកបានបង្ហាញ «ស្តង់ដារពីរជ្រុលនិយម» នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ។

កិច្ចប្រជុំនេះបានក្លាយជាឆាកសម្រាប់ការឈ្លោះប្រកែកគ្នាជាសាធារណៈដ៏កម្ររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វីល (Linda Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម សុង (Kim Song) ដោយអ្នកទាំងពីរបានប្រកែកថាសកម្មភាពយោធារបស់ប្រទេសពួកគេ គឺជាការការពារខ្លួនប៉ុណ្ណោះ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបនេះថាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមកូរ៉េខាងជើងមិនឲ្យប្រើប្រាស់បច្ចេកវិជ្ជាបាលិស្ទិកណាមួយនោះឡើយ។

លោកស្រី គីម យ៉ូជុង បាននិយាយថា «អធិបតេយ្យភាពនៃរដ្ឋឯករាជ្យមិនអាចជារបៀបវារៈសម្រាប់ការចរចាបានទេ ដូច្នេះហើយ កូរ៉េខាងជើង នឹងមិនអង្គុយទល់មុខជាមួយសហរដ្ឋអាមេរិក សម្រាប់គោលបំណងនោះឡើយ»។
លោកស្រី គីម ក៏បាននិយាយផងដែរថា វាគឺជា «ស្តង់ដារពីរ» និង «ការអនុវត្តហួសហេតុ និងតាមអំពើចិត្ត» របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាកម្មវិធីអវកាសរបស់ប្រទេសកូរ៉េខាងជើង ដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ៕