ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជីហាដ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤០នាក់ ក្នុងអំឡុងពេលការវាយប្រហារនៅភាគខាងជើងប្រទេសបួគីណាហ្វាសូ កាលពីចុងសប្តាហ៍។

ការវាយលុកដែលត្រូវបានរាយការណ៍ចុងក្រោយបំផុតនៅក្នុងតំបន់ដែលសម្បូរទៅដោយសកម្មភាពក្រុមជ្រុលនិយមជីហាដ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងទីក្រុង ជីបូ (Djibo) ជាទីដែលជនភៀសខ្លួនជាច្រើនបានស្វែងរកកន្លែងជ្រកកោន។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សប្រចាំតំបន់ លោក សែហ្វ ម៉ាហ្កានហ្កូ (Seif Magango) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា) ថា អ្នកប្រយុទ្ធមកពីក្រុម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានវាយប្រហារមូលដ្ឋានយោធា លំនៅឋាន និងជំរំជនភៀសខ្លួន។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា អ្នកវាយប្រហារបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤០នាក់ របួសជាង ៤២នាក់ បានដុតបំផ្លាញជម្រកបីទីតាំងសម្រាប់ជនភៀសខ្លួន និងហាងចំនួន ២០កន្លែង។
បួគីណាហ្វាសូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្រ្វិកខាងលិចជាច្រើនដែលកំពុងប្រយុទ្ធនឹងការបះបោរ ដែលបានចាក់ឫសគល់នៅក្នុងប្រទេសម៉ាលី កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមកបានរីករាលដាលដល់តំបន់អាហ្វ្រិក សាហែល ភាគខាងត្បូងនៃឆ្នេរខ្សាច់សាហារ៉ា។
ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម បានដណ្តើមយកទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្ដាលឲ្យមនុស្សជាង ៦លាននាក់ ត្រូវជម្លៀសខ្លួននៅក្នុងដំណើរការនៃជម្លោះនេះ៕