មីយ៉ាន់ម៉ា និងចិនកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ខណៈរដ្ឋាភិបាលយោធាក្នុងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ បានបាត់បង់ដីនៅតំបន់ព្រំដែនភាគឦសានរបស់ខ្លួនទៅលើក្រុមចម្រុះនៃកងជីវពលដែលមានទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំងផងដែរ។

កាសែតរដ្ឋ Myanma Alinn បាននិយាយកាលពីថ្ងៃពុធថា នាវាចិនចំនួនបីគ្រឿង ត្រូវបានបោះយុថ្កានៅទីក្រុង យ៉ាងហ្គូន(Yangon) ដែលជាទីក្រុងធំបំផុតរបស់សហភាពមីយ៉ាន់ម៉ា ហើយថាក្រុមមន្ត្រីមកពីប្រទេសទាំងពីរបានជួបគ្នាកាលពីថ្ងៃអង្គារពិភាក្សាអំពីសមយុទ្ធសន្តិសុខដែនសមុទ្រ។

នាវាចិន ដូចជានាវាពិឃាត ហ្ស៊ីប៉ូ(Zibo) នាវាចម្បាំង ជីងចូវ (Jing Zhou) និងនាវាផ្គត់ផ្គង់យោធា ឈាន តាវ ហ៊ូ( Qian Dao Hu) ដឹកក្រុមនាវិកប្រហែល ៧០០ នាក់ ហើយបានទៅដល់កំពង់ផែ មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ។ របាយការណ៍នេះពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីសមយុទ្ធនេះទេ។

យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រីអ៊ុងសានស៊ូជី កាលពីឆ្នាំ ២០២១ ហើយ ចាប់តាំងពីពេលនោះមកមានជម្លោះប្រដាប់អាវុធជាមួយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងជីវពលជនជាតិភាគតិចនានានៅតាមតំបន់ព្រំដែន។
ដំណើរទស្សនកិច្ចរបស់នាវាចិននេះ កើតឡើងក្នុងអំឡុងពេលមានការកើនឡើងនៃអំពើហិង្សានៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ាជាមួយប្រទេសចិន ដោយសម្ព័ន្ធភាតរភាពចំនួនបីក្រុមដែលបានបើកការវាយលុកកាលពីថ្ងៃទី ២៧ តុលា លើកងកម្លាំងយោធាដែលកំពុងក្ដោបក្ដាប់អំណាច៕