លោតទឹក៖ ព្រឹត្តិការណ៍កីឡាលោតទឹកដ៏ស្រៀវស្រើប Red Bull Cliff Diving បានចាប់ផ្ដើមរដូវកាលថ្មី ២០២១ ហើយនៃ World Series បន្ទាប់ពីអាក់ខានមួយឆ្នាំពេញនៅឆ្នាំ២០២០ កន្លងទៅដោយសារមេរោគរាតត្បាតសកល Covid-19។

ជើងឯកផ្នែកបុរស Gary Hunt និងផ្នែកនារី Rhiannan Iffland បានចាប់ផ្តើមដំណើរការពារជើងឯករបស់ខ្លួន។ ការប្រកួតនៅទឹកដីបារាំងធ្វើឡើងនៅតំបន់មាត់សមុទ្រ Saint-Raphael ដោយអ្នកចូលរួមប្រកួតត្រូវលោតពីកម្ពស់ដល់ទៅ ២៧ម៉ែត្រចុះមកទឹកសមុទ្រ។ ការប្រកួតផ្នែកនារី កីឡាការិនីជើងឯកពិភពលោក ៤សម័យអូស្ត្រាលី Rhiannan Iffland ចាប់ផ្ដើមការពារតំណែងជើងឯករបស់ខ្លួនបានយ៉ាងល្អ ក្រោយយកឈ្នះនៅទឹកដីបារាំងនេះ។
ចំណែកផ្នែកបុរសកីឡាករចក្រភពអង់គ្លេស Gary Hunt ចាប់ផ្ដើមការពារតំណែងជើងឯកពិភពលោករបស់ខ្លួន បានត្រឹមចំណាត់ថ្នាក់លេខ ២ ខណៈលេខ ១ បានទៅកីឡាកររ៉ូម៉ានី Catalin Preda ដែលជាជ័យជំនះដំបូងក្នុងអាជីពនៅ World Series នេះ។ ជុំបន្តបន្ទាប់ពីប្រទេសបារាំង Red Bull Cliff Diving នឹងបន្តដំណើរទៅទីក្រុង Osla ប្រទេសណ័រវេយថ្ងៃទី១៤ ខែសីហា៕
អត្ថបទ៖នាង សុភាវុធ