ក្រុមរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសណាតូ បានសន្យាថា នឹងគាំទ្រអ៊ុយក្រែន «ដរាបណាប្រទេសនេះ នៅតែត្រូវការ» នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីការបរទេស បានជួបប្រជុំគ្នាជាលើកដំបូង ខណៈដែលពួកគេ «បានចូលរួមចំណែកនៃការអនុវត្ត ពង្រីកកញ្ចប់នៃការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងដល់ប្រទេសអ៊ុយក្រែន ដែលត្រូវបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងVilnius ក្នុងខែកក្កដា។

ក្រុមអ្នកចូលរួមកិច្ចប្រជុំនេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សម្ព័ន្ធមិត្ត នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបង្កើនការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងបន្ថែមទៀត ដល់អ៊ុយក្រែន ដូចដែលកំពុងបន្តការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយនឹងបន្តការគាំទ្ររបស់ពួកគេ ដរាបណាប្រទេសនេះ នៅតែត្រូវការ។
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បាននិយាយថា សម្ព័ន្ធមិត្តទាំងអស់ បានព្រមព្រៀងគ្នាថា នៅទីបំផុត ប្រទេសអ៊ុយក្រែន គួរតែចូលរួមជាមួយសម្ព័ន្ធភាពយោធានេះ។