លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger) ដែលបានទទួលមរណៈភាពក្នុងវ័យ ១០០ឆ្នាំនៅគេហដ្ឋានរបស់ខ្លួន ក្នុងរដ្ឋ ខុននេកធីខិត (Connecticut) សហរដ្ឋអាមេរិក ជាអ្នកនយោបាយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក ដែលទទួលបានភាពល្បីល្បាញនៅក្នុងកិច្ចការពិភពលោកជាច្រើន។

ជាអ្នកអនុវត្តការប្តេជ្ញាចិត្តនៃ «ភាពប្រាកដនិយម» ក្នុងទំនាក់ទំនងបរទេស លោកបានទទួលរង្វាន់ណូបែលសន្តិភាព ហើយក៏ត្រូវបានថ្កោលទោសថាជាឧក្រិដ្ឋជនសង្គ្រាម។ ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ និងជារដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក លោកបានបន្តយ៉ាងស្វាហាប់នូវគោលនយោបាយស្ដារទំនាក់ទំនង ដែលធ្វើឲ្យទំនាក់ទំនងជាមួយសហភាពសូវៀត និងចិន មានភាពធូរស្រាល។

ផ្លូវនយោបាយការទូតរបស់លោក បានជួយបញ្ចប់ជម្លោះអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៧៣ ហើយការចរចានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានទាញអាមេរិកចេញពីសុបិន្តអាក្រក់ដ៏វែងឆ្ងាយរបស់ខ្លួននៅក្នុងសង្រ្គាមជាមួយប្រទេសវៀតណាម ប៉ុន្តែអ្វីដែលអ្នកគាំទ្រពណ៌នាលោកថាជា «អ្នកនយោបាយពិតប្រាកដ» ធ្វើឲ្យអ្នករិះគន់ បានថ្កោលទោសថាជារឿងអសីលធម៌។
លោក ហិនរី ឃីសស៊ីងជើ មានឈ្មោះពេញថា ហេនស៍ អាល់ហ្រ្វេដ ឃីសស៊ីងជឺ (Heinz Alfred Kissinger) បានកើតក្នុងគ្រួសារជ្វីហ្វវណ្ណៈកណ្តាលមួយនៅរដ្ឋបាវ៉ារៀ (Bavaria) របស់អាល្លឺម៉ង់ នៅថ្ងៃទី២៧ ឧសភា ឆ្នាំ១៩២៣។ គ្រួសារមួយនេះបានរត់គេចចេញពីការធ្វើទុក្ខបុកម្នេញរបស់គណបក្សណាហ្ស៊ី ប៉ុន្តែពួកគេបានចូលរួមជាមួយសហគមន៍ជនជាតិអាឡឺម៉ង់-ជ្វីហ្វ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៣៨។
នៅឆ្នាំ១៩៥៧ លោក ឃីសស៊ីងជើ បានបោះពុម្ពសៀវភៅមួយក្បាល និយាយពី សង្គ្រាមនុយក្លេអ៊ែរ និងគោលនយោបាយការបរទេស ដែលបាននិយាយថា សង្គ្រាមបរមាណូមានកម្រិត គឺអាចឈ្នះបាន ហើយសៀវភៅនេះបានធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ផ្លូវដ៏វែងឆ្ងាយរបស់លោក ឃីសស៊ីងជើ ក្នុងការទទួលបានកិត្តិនាម និងឥទ្ធិពលបានចាប់ផ្តើមតាំងពីពេលនោះមក ហើយទ្រឹស្តី «សង្គ្រាមនុយក្លេអ៊ែរតូចតាច» របស់លោក នៅតែមានឥទ្ធិពលរហូតមកដល់សព្វថ្ងៃនេះ៕