អាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងរបានវាយប្រហារលើសហគមន៍នានាទូទាំងក្នុងតំបន់ភាគឦសានសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយករណី។

ដូចការរំពឹង មានព្រិលធ្លាក់កម្រាស់ជាង៤០អ៊ីញកាលពី២ថ្ងៃមុនលើផ្នែកជាច្រើននៃតំបន់ Great Lakes នៅក្នុងតំបន់ភាគឦសាន ដែលជាផលរំខានលើកដំបូងដ៏ធ្ងន់ធ្ងរនៃរដូវធ្លាក់ព្រិល។
ព្រិលធ្លាក់ខ្លាំងបានគ្របដណ្ដប់តាមដងផ្លូវនានាននៃទីក្រុង Buffalo នៃរដ្ឋ New York កាលពីថ្ងៃពុធ ២៩វិច្ឆកា ខណៈព្យុះរដូវរងាបន្តវាយប្រហារតំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក។

ការធ្លាក់ព្រិកធ្ងន់ធ្ងរបំផុត ត្រូវបានកត់ត្រានៅភូមិ ខុនស្តាប្លេវីល(Constableville)នៃរដ្ឋ New York ដែលមានព្រិលកម្រាស់៤២,៧អ៊ីញ។
សេវាឧតុនិយមជាតិ ក្នុងទីក្រុង Buffalo រដ្ឋ New York និយាយថា អ្នកដំណើរមិនអាចមើលផ្លូវច្បាស់ទេ អំឡុងព្រឹកថ្ងៃពុធ ដោយមានព្រិលធ្លាក់កម្រាស់១ទៅ២អ៊ីញក្នុងមួយម៉ោង។ នគរបាលក្រុង Buffalo និយាយថា ការណែនាំឲ្យប្រុងប្រយ័ត្នពីអាកាសធាតុរដូវរងាត្រូវបានអនុវត្តន៍ពីម៉ោង៤ព្រឹក និងបាននិយាយថា អ្នកដំណើរតាមទោចក្រយានយន្តគួរតែបង្កើនការប្រុងប្រយ័ត្ន៕