សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមន្រ្ដីនគរបាលយុត្តិធម៌ ជំនាន់ទី១, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ជំនាន់ទី១ និងវគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាន់ទី៣ ដែលមានសិក្ខាកាមសរុបចំនួន៣១០នាក់។
ថ្លែងនៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា បានចូលរួមអបអរសាទរជាមួយសិក្ខាកាមទាំងអស់ ដែលបញ្ចប់វគ្គសិក្សានៅពេលនេះដោយជោគជ័យ និងទទួលបាននូវចំណេះជំនាញបន្ថែមទៀតដើម្បីយកទៅបម្រើអង្គភាព ចូលរួមក្នុងបុព្វហេតុជាតិ មាតុភូមិ និងរួមចំណែករក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈគ្រប់គ្រង និងមន្រ្តី នៃសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំដំណើរការវគ្គបណ្ដុះបណ្ដាលទាំង៣នេះ សម្រេចបានជោគជ័យ ស្របតាមកម្មវិធីអប់រំ និងផែនការបណ្ដុះបណ្ដាលដែលបានកំណត់។
ថ្លែងនៅក្នុងពិធីបិទវគ្គនោះឧត្តមសេនីយ៍ឯក អ៊ុ អុន នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលមន្រ្ដីនគរបាលយុត្តិធម៌ ជំនាន់ទី១ មានសិក្ខាកាមសរុបចំនួន១៥០នាក់ ស្រី០២នាក់ ដែលមកពីអង្គភាពចំនួន៤៩។ វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ជំនាន់ទី១ មានសិក្ខាកាមសរុបចំនួន ៦០នាក់ ស្រី១នាក់ ដែលមកពីអង្គភាពចំនួន៣២។ វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាន់ទី៣ មានសិក្ខាកាមសរុបចំនួន១០០នាក់ ស្រី១នាក់ ដែលមកពីអង្គភាពចំនួន៣០។
លោកឧត្តមសេនីយ៍ឯក អ៊ុ អុន ដើម្បីធានាឲ្យវគ្គសិក្សានេះទទួលបានលទ្ធផលល្អ គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ និងប្រឡងបញ្ចប់មេរៀននីមួយៗ ទាំងទ្រឹស្តី ការអនុវត្តជាក់ស្តែងលើទីលានគ្រូតម្រូវធ្វើតេស្ត ដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយបូកជាមួយវិន័យ សីលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ៕អត្ថបទបាន ចក់







