
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃពុធថា លោក និងគណៈប្រតិភូអមដំណើរ នឹងមិនអាចចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីវិបត្តិអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅទីក្រុងញូវយ៉ក បានទេ ដោយសារតែការពន្យារពេលក្នុងការចេញទិដ្ឋាការ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា លោក Amir-Abdollahian បាននិយាយថា សហរដ្ឋអាមេរិក បានផ្តល់ទិដ្ឋាការដល់គណៈប្រតិភូអ៊ីរ៉ង់ នៅម៉ោង ១យប់ (ម៉ោងក្នុងតំបន់កាលពីថ្ងៃពុធ) ដែលអនុវត្តជាក់ស្តែង វាពុំអាចធ្វើទៅបានសម្រាប់សមាជិករបស់ខ្លួនដើម្បីទៅចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) បានទេ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា នៅពេលនេះ កិច្ចខិតខំប្រឹងប្រែងគឺផ្តោតលើការស្វែងរកដំណោះស្រាយដើម្បីទទួលបានបទឈប់បាញ់យូរអង្វែង ដោយការដោះលែងនិងដោះដូរពលរដ្ឋប៉ាឡេស្ទីនទាំងអស់នៅក្នុងពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែល ជាមួយពលរដ្ឋអ៊ីស្រាអែលដែលត្រូវបានចាប់ជាចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា។ លោកនិយាយថា ទំនាក់ទំនង និងការពិគ្រោះយោបល់ឥតឈប់ឈរ នៅបន្តរវាងលោក និងសមភាគី ប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ដែលប្រទេសទាំងពីរនេះកំពុងសម្របសម្រួលការដោះដូរចំណាប់ថ្នូរ និងអ្នកទោស។
កិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ស្តីពីវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យមានបទឈប់បាញ់យូរអង្វែងនៅក្នុងតំបន់ហ្កាហ្សា។