
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានយល់ព្រមបញ្ជូនយន្តហោះចម្បាំងទំនើបៗ និងឧទ្ធម្ភាគចក្រវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ការជំរុញដ៏សំខាន់ដល់កងកម្លាំងអាកាសរបស់ប្រទេសនេះ។
កិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍នេះ កើតឡើង នៅពេលដែលសហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងលើអ្វីដែលខ្លួនពិពណ៌នាថា ជាការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់។ មន្ត្រីសេតវិមានកំពូលម្នាក់ បាននិយាយកាលពីសប្តាហ៍មុនថា៖«ការពង្រីកភាពជាដៃគូយោធា គឺ «មិនល្អ»សម្រាប់អ៊ុយក្រែន ឬតំបន់មជ្ឈិមបូព៌ាទេ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការកាលពីថ្ងៃអង្គារ បានរាយការណ៍ ដោយបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការពារជាតិថា ផែនការនេះ ត្រូវបានបញ្ចប់សម្រាប់ប្រទេសរុស្ស៊ី ដើម្បី បញ្ជូនយន្តហោះចម្បាំង Su-35 ដែលមិនបានបញ្ជាក់ចំនួន ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-28 និងអ្នកបណ្តុះបណ្តាលអ្នកបើកយន្តហោះYakovlev Yak-130។ បន្ទាប់មក របាយការណ៍នេះ ត្រូវបានបញ្ជាក់ នៅថ្ងៃពុធដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីស្លាមផ្លូវការ (IRNA)។
វិមានក្រឹមឡាំង មិនទាន់បញ្ជាក់ជាសាធារណៈអំពីកិច្ចព្រមព្រៀងនេះទេ ដែលសារព័ត៌មាន Tasnim បាននិយាយថា នេះគឺជាលើកដំបូង ដែលទីក្រុងតេអេរ៉ង់ បានទិញយន្តហោះចម្បាំង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។