
មិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសមរណភាពរបស់លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger) កាលពីថ្ងៃពុធ ប្រតិកម្មជាច្រើនបានចាប់ផ្តើមហូរចេញពីពិភពនយោបាយអាមេរិក ដែលអតីតរដ្ឋមន្ត្រីការបរទេសរូបនេះបានជួយបណ្ដុះបណ្ដាលអំឡុងពេលអាជីពរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន។
អតីតអ្នកនយោបាយ និងអ្នកនយោបាយបច្ចុប្បន្ន ដែលភាគច្រើនជាសមាជិកបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក គឺជាអ្នកដំបូងគេដែលថ្លឹងថ្លែងលើជីវិតដ៏ចម្រូងចម្រាស និងដំណែលរបស់អ្នកការទូតដ៏ល្បីល្បាញម្នាក់របស់ប្រទេសនេះ។
អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់បែលយ៉ូ ប៊ុស (George W. Bush) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាមេរិក បានបាត់បង់សំឡេងដែលអាចទុកចិត្តបាន និងប្លែកបំផុតមួយលើកិច្ចការបរទេស ដោយការស្លាប់របស់ លោក ហិនរី ឃីសស៊ីងជើ»។
មេដឹកនាំជនជាតិភាគតិចក្នុងព្រឹទ្ធសភា លោក ម៊ីច មែកខននែល (Mitch McConnell) បានសរសេរពីលោក ឃីសស៊ីងជើ នៅលើបណ្ដាញសង្គម X ថាលោក «ជាជើងខ្លាំងមួយរូបក្នុងចំណោមរដ្ឋបុរស ដែលមានឥទ្ធិពលបំផុតរបស់អាមេរិក»។ ប្រធានសភាអាមេរិក លោក ម៉ៃ ចនសុន (Mike Johnson) បានហៅការរួមចំណែករបស់លោក ឃីសស៊ីងជើ ក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ថាជារឿង «មិនអាចវាស់វែងបាន»។
សេតវិមានមិនទាន់បានចេញសេចក្តីថ្លែងការណ៍អំពីមរណៈភាពរបស់លោក ឃីសស៊ីងជើ នៅឡើយទេ។ បណ្ដាអ្នកនយោបាយអាមេរិកជាច្រើនផ្សេងទៀត សម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ពួកគេចំពោះគ្រួសាររបស់លោក និងបានសាទរចំពោះវិធីសាស្រ្តរបស់លោក ឃីសស៊ីងជើ ចំពោះនយោបាយការទូត ដែលពួកគេបាននិយាយថា «បានផ្លាស់ប្តូរដំណើរនៃប្រវត្តិសាស្ត្រ» របស់សហរដ្ឋអាមេរិក៕