ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលួចឆ្មក់ឆែកឆេរ និងសម្រេចរឹបអូសផលតិផលក្លែងក្លាយ ដែលជាប្រភេទស្លាចិន ដោយក្លែងម៉ាក KOUWEIWANGមួយកន្លែង នៅខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈ ជនសង្ស័យជាម្ចាស់ទីតាំង ហើយជាជនជាតិចិនចំនួនពីរនាក់ត្រូវបានឃាត់ខ្លួនដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលទូរទស្សន៍ BTVទទួលបាន នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ។
របាយការណ៍បានឲ្យដឹងទៀតថាក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង បានរកឃើញនូវឧបករណ៍សម្ភារ:បំរើឲ្យការងារវេចខ្ចប់ និងផលិត ចំនួន ៨៩,៥ គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ចំនួន ២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ១គ្រឿង ។បន្ទាប់ពីបានត្រួតពិនិត្យហើយនោះ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតសម្ភារ:ទាំងអស់ ដោយយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំង២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជួយសហការផ្តល់ព័ត៌មាន ប្រសិនបានដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយនូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012456966 ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេតនិងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលាជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋតែម្តង៕ អត្ថបទ ៖ បាន ចក់







