កោះកុង ៖ តំណាងក្រសួងបរិស្ថាន លោកអភិបាលរងខេត្តកោះកុង និងក្រុមអ្នកវិនិយោគ បានចុះពិនិត្យវាយតម្លៃអំពីទីតាំងស្នើសុំគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៣កន្លែង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្ត្រ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ គម្រោងវិនិយោគផ្នែកវិស័យទេសចរណ៍ចំនួន៣កន្លែងផ្សេងៗនេះ មានទំហំសរុប ២៩,៩៨៤៣ ហិកតា ធ្វើឡើងក្រោមការចុះពិនិត្យដោយផ្ទាល់របស់ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ នៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះ។
បើតាមឱ្យដឹងរបស់លោក ហ៊ុន ម៉ារ៉ាឌី មន្ទីរបរិស្ថានខេត្តកោះកុង ចុះពិនិត្យវាយតម្លៃរួមគ្នានៅពេលនេះ គឺក្រសួងគ្រាន់តែផ្តល់ជាគោលការណ៍លើការស្នើសុំរបស់អ្នកវិនិយោគប៉ុណ្ណោះ។ ប៉ុន្តែការសម្រេចយ៉ាងណានោះ អាស្រ័យលើរបាយការណ៍លម្អិតមួយច្បាស់លាស់បន្ថែមទៀត។
លោក បានបន្ថែមថា តាមលក្ខខណ្ឌសម្រេចឱ្យវិនិយោគរយៈពេល១៥ឆ្នាំ ក្រោមគោលបំណងអភិវឌ្ឍន៍ផង និងអភិរក្សផង ដោយឡែកសម្រាប់ទំហំប្រាក់វិនិយោគ គឺលោកពុំទាន់មានព័ត៌មានច្បាស់លាស់ណាមួយនោះទេ។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង លើកឡើងថា លោកសុំឱ្យដោះស្រាយផលប៉ះពាល់ និងសំណងនានា ប្រសិនបើការអនុវត្តគម្រោងនេះ បានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬកម្មសិទ្ធិឯកជន។ បន្តជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការជ្រើសរើសកម្លាំងពលកម្មពីមូលដ្ឋានដែលជាផ្នែកមួយនៃការលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ។
អាជ្ញាធរខេត្តកោះកុង សូមឱ្យចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំង ស្នើសូមវិនិយោគទេសចរណ៍ធម្មជាតិ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវនិងសំរាម ព្រមទាំងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតឱ្យ៕
អត្ថបទ ៖ ឈឹម មករា




