ភ្នំពេញ ៖ ក្រុមសិល្បករ សិល្បការិនី នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានប្រារព្ធកម្មវិធី «តន្ត្រីចាប៉ីភូមិខ្ញុំ» ដើម្បីអបអរសាទរខួប ៧ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
លោក ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ ថ្លែងប្រាប់ BTV នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ដើម្បីអបអរសាទរ ខួបលើកទី ៧ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ និង សិល្បករចាប៉ីដងវែង និងមហាជន បានរួមគ្នារៀបចំកម្មវិធី «តន្ត្រីចាប៉ីភូមិខ្ញុំ»នេះឡើង។
លោកបានឱ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីផ្តល់ឱកាសសម្រាប់សិល្បករ ក្នុងការផ្សព្វផ្សាយទម្រង់ចាប៉ីដងវែងរបស់ខ្លួនដល់ទស្សនិកជនជាតិ និងអន្តរជាតិឱ្យស្វែងយល់បន្ថែមពីទម្រង់សិល្បៈចាប៉ីដងវែង និង ជាការជួបជុំបង្ហាញស្នាដៃពីសំណាក់ សិល្បករចាប៉ីដងវែង សម្រាប់ទុកជាមរតកស្នាដៃមនុស្សរស់ដល់ខ្មែរសម័យទំនើប និងបង្ហាញពីការដឹងគុណចំពោះបុព្វសិល្បករ បុរាណខ្មែរដែលបានខិតខំប្រឹងប្រែងថែរក្សានិងបន្តវេនរហូតដល់ខ្មែរសម័យបច្ចុប្បន្ន។
លោក សារ៉ាត សង្ឃឹមថា «កម្មវិធីតន្ត្រីចាប៉ីភូមិខ្ញុំ» នឹងកើតមានឡើងជារៀងរាល់ឆ្នាំដើម្បីលើកម្ពស់គុណតម្លៃទម្រង់សិល្បៈចាប៉ីដងវែងរបស់ខ្មែរ ជាពិសេស សិស្សសិល្បៈ សិល្បករ និងព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែងមានឱកាសជួបជុំគ្នា និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក អាចសម្តែងរួមគ្នាលើឆាកតែមួយក្នុងនាមជាមហាគ្រួសារខ្មែរ៕ អត្ថបទ ៖ រដ្ឋា
















