
យោធាអ៊ីស្រាអែលបានប្រកាសពីការដោះលែងមនុស្ស ១៦នាក់ទៀត ដែលត្រូវក្រុមហាម៉ាសចាប់ជាចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា។ អ្នកសម្របសម្រួលកំពុងជំរុញឲ្យមានការពន្យារពេលបទឈប់បាញ់ ដើម្បីអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ហើយចំណាប់ថ្នូរត្រូវបានដោះលែងបន្ថែមទៀត។
ក្រុមហាម៉ាសបានដោះលែងមនុស្សជាង ៨០នាក់រួចហើយ អំឡុង ៥ថ្ងៃដំបូងនៃការផ្អាកប្រយុទ្ធនេះ ខណៈដែលមន្ត្រីអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៨០នាក់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ នៅតំបន់ហ្កាហ្សាស្ទ្រីបភ្លាមៗ នៅពេលដែលរយៈពេលបទឈប់បាញ់ បានផុតកំណត់។
រដ្ឋាភិបាលអាមេរិក ស្ថិតក្នុងចំណោមប្រទេស ដែលអំពាវនាវឲ្យពន្យារការផ្អាកប្រយុទ្ធនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុង Tel Aviv ហើយ ហើយលោកនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលសំខាន់ៗ ដើម្បីពិភាក្សាអំពីការដោះលែងចំណាប់ថ្នូរបន្ថែមទៀត និងជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា។
ក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស បានទាមទារឲ្យមានការដោះលែងជនជាតិប៉ាឡេស្ទីនវ័យចំណាស់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររបស់អ៊ីស្រាអែល៕