
កូរ៉េខាងជើងបានឲ្យដឹងថា ផ្កាយរណបចារកម្មរបស់ខ្លួន បានថតជាប់រូបភាពនៃមូលដ្ឋានទ័ពអាកាស Kadena របស់សហរដ្ឋអាមេរិក នៅខេត្តភាគនិរតីនៃកោះ Okinawa របស់ប្រទេសជប៉ុន។
Rodong Sinmun ដែលជាសារព័ត៌មានរបស់គណបក្សពលករ ដែលកំពុងកាន់អំណាច នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា មេដឹកនាំប្រទេសលោក Kim Jong Un ទទួលបានរូបថតផ្កាយរណប ដែលថតបាន កាលពីព្រឹកថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)។
សារព័ត៌មាននេះឲ្យដឹងថា រូបភាពទាំងនោះត្រូវបានដាក់ជូនដោយមជ្ឈមណ្ឌលគ្រប់គ្រងទូទៅក្រុងព្យុងយ៉ាងនៃរដ្ឋបាលអវកាសរបស់ប្រទេស ហើយបានបន្ថែមថា ជាមួយគ្នានេះ លោក Kim ក៏បានទទួលរូបថតនៃមូលដ្ឋានទ័ពជើងទឹក San Diego នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក និងព្រែកជីក Suez ក្នុងប្រទេសអេហ្ស៊ីបផងដែរ។
គួរបញ្ជាក់ដែរថា នៅមុននេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងចាប់ផ្តើមបេសកកម្មផ្លូវការនៃផ្កាយរណបឈ្លបយកការណ៍ នៅថ្ងៃសុក្រ (ទី១ ខែធ្នូ) ដែលទីក្រុងព្យុងយ៉ាង អះអាងថា បានបាញ់បង្ហោះ កាលពីសប្តាហ៍មុន។
បណ្ដាប្រទេសពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើងទាំងអស់ កំពុងវិភាគយ៉ាងយកចិត្តទុកដាក់លើរបាយការណ៍នេះ ខណៈមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាង មិនទាន់បានបង្ហាញរូបថតផ្កាយរណបជាសាធារណៈនៅឡើយទេ៕