
ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានស្នើឲ្យសហរដ្ឋអាមេរិកផ្អាកជើងហោះហើរ V-22 Osprey ដែលមិនបន្ទាន់ទាំងអស់ នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីយន្តហោះ ១គ្រឿង បានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) នៅភាគខាងលិចប្រទេសជប៉ុន ដែលនេះជាការធ្លាក់យន្តហោះយោធាអាមេរិកបណ្ដាលឲ្យមានអ្នកស្លាប់លើកដំបូងរបស់ប្រទេស ក្នុងរយៈពេល ៥ឆ្នាំ។
កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់នោះ មិនទាន់ដឹងនៅឡើយទេ។ ចំណែកស្ថានភាពមនុស្ស ៧នាក់ផ្សេងទៀតនៅលើយន្តហោះនោះ មិនត្រូវបានដឹងនោះទេ។
ដោយច្រានចោលការសម្រេចចិត្ត កាលពីម្សិលមិញ ដើម្បីអនុញ្ញាតឲ្យការហោះហើរបែបនេះ បន្តមាននោះ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Minoru Kihara បាននិយាយនៅក្នុងសភាថា៖ «ការកើតឧបទ្ទវហេតុបែបនេះបណ្តាលឲ្យមានការមិនស្ងប់ក្នុងអារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាជនក្នុងតំបន់ ហើយយើងកំពុងស្នើឲ្យភាគីអាមេរិកធ្វើការហោះហើរយន្តហោះ Osprey ដែលត្រូវបានដាក់ពង្រាយនៅជប៉ុន បន្ទាប់ពីជើងហោះហើរទាំងនេះ ត្រូវបានធានាថា មានសុវត្ថិភាព»។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់ទៀត បានលើកឡើងនៅក្នុងសភាថា កងកម្លាំងស្វ័យការពារជប៉ុន (SDF) ដែលប្រតិបត្តិការរាល់យន្តហោះ Osprey នឹងផ្អាកការហោះហើរយន្តហោះដឹកជញ្ជូនរហូតដល់ស្ថានភាពនៃឧបទ្ទវហេតុ ត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យកងកម្លាំងយោធាអាមេរិកប្រចាំប្រទេសជប៉ុន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕