
តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងការជួញដូរដំបូងនៅអាស៊ី នាថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) ដោយសារទិន្នន័យផលិតកម្មរបស់ចិនទាបជាងការរំពឹងទុក ប៉ុន្តែអ្នកវិនិយោគ បានបន្តការប្រុងប្រយ័ត្ន នៅមុនកិច្ចប្រជុំ OPEC + ដែលគេរំពឹងថា នឹងមានការកាត់បន្ថយផលិតកម្ម។
ភាគហ៊ុនប្រេងឆៅ Brent បានធ្លាក់ចុះ ២៨សេន ឬ ០,៣ភាគរយ មកនៅត្រឹម ៨២,៩០ដុល្លារ ក្នុងមួយបារ៉ែល ត្រឹមម៉ោង ០០:២៤នាទី ម៉ោងសកល ខណៈពេលដែលភាគហ៊ុនប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ២៤សេន ឬ ៣,៣ភាគរយ មកនៅត្រឹម ៧៧,៦៨ ដុល្លារ ក្នុងមួយបារ៉ែល។
ការស្ទង់មតិរោងចក្រផ្លូវការមួយ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សកម្មភាពផលិតកម្មរបស់ប្រទេសចិន បានថមថយរយៈពេល ២ខែជាប់គ្នា ក្នុងខែវិច្ឆិកា ហើយធ្លាក់ក្នុងដ៏ល្បឿនលឿនជាងការរំពឹងទុក ដោយការស្ទង់មតិនេះ បានស្នើឲ្យមានវិធានការគាំទ្រគោលនយោបាយបន្ថែមទៀត ដើម្បីជួយពង្រឹងដល់កំណើនសេដ្ឋកិច្ច ក្នុងប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកនេះ។
សមាជិកនៃអង្គការ OPEC+ នឹងរៀបចំកិច្ចប្រជុំគោលនយោបាយនៅថ្ងៃព្រហស្បតិ៍នេះ។ ការពិភាក្សានៅមុនកិច្ចប្រជុំ គឺផ្តោតលើការកាត់បន្ថយផលិតកម្មបន្ថែម ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានយល់ព្រមក៏ដោយ។ នេះបើតាមប្រភពស្និទ្ធនឹងប្លុកនេះ ដែលបានប្រាប់មកសារព័ត៌មាន Reuters។ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀត កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) បានឲ្យដឹងថា ការកាត់បន្ថយអាចមានរហូតដល់ ១លានបារ៉ែល ក្នុងមួយថ្ងៃ៕