
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) នេះ បានលើកឡើងថា មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងផែនការធ្វើឃាតលើជនជាតិអាមេរិក គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ដោយបន្ថែមថា គម្រោងការបែបនេះ មិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ។
សេចក្តីថ្លែងការណ៍នេះ បានកើតមានឡើងបន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាសការចោទប្រកាន់លើលោក Nikhil Gupta វ័យ ៥២ឆ្នាំ ពីបទរៀបចំការប៉ុនប៉ងឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh ហើយបាននិយាយថា រូបលោកបានធ្វើការជាមួយបុគ្គលិករដ្ឋាភិបាលឥណ្ឌា។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បាននិយាយថា៖ «ករណីនេះ (ករណីប្រឆាំងនឹងបុគ្គលម្នាក់ ពោលគឺត្រូវបានដាក់ពាក្យប្ដឹងក្នុងតុលាការសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ដោយភ្ជាប់បុគ្គលនោះទៅនឹងមន្ត្រីឥណ្ឌា) គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ។ ទង្វើបែបនេះក៏ផ្ទុយទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ»។
គួរបញ្ជាក់ផងដែរថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកនេះ កើតឡើងប្រហែល ២ខែ បន្ទាប់ពីប្រទេសកាណាដាបានលើកឡើងថា មានការចោទប្រកាន់ «គួរឲ្យទុកចិត្ត» ដែលភ្ជាប់ភ្នាក់ងារឥណ្ឌាទៅនឹងការធ្វើឃាតលើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh លោក Hardeep Singh Nijjar នៅតំបន់ជាយក្រុង Vancouver ក្នុងខែមិថុនា។ តែប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់នេះ៕