ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងប្រទេសឡាវ។
តបតាមការអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងនៅប្រទេសឡាវ ហើយនឹងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម (CLV)លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងរបស់សម្ដេចរដ្ឋសភាធិបតីនាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពលើកដំបូងរបស់សម្តេចរដ្ឋសភាធិបតី ចាប់តាំងពីរដ្ឋសភានីតិកាលទី៧ បានប្រសូត្រឡើង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ចនាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទាំងកម្រិតថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ជាមួយគ្នា ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូនប្រទេស និងប្រជាជនទាំងសងខាង។
សូមជម្រាបជូនថា សកម្មភាពការងារសំខាន់ៗរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៣ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ការជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សវៀតណាម ឯកឧត្តម វូ វ៉ាន់ធួង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម ផងដែរ៕ ដោយ ៖ ឧត្ដម