ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃនេះ បានរួមចំណែកក្នុងការឧបត្ថម្ភគាំទ្រ ផ្ដល់ជាគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ដល់ក្រុមគ្រូពេទ្យជួរមុខដែលកំពុងសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ នេះជាការរួមចំណែក ទៅតាមលទ្ធភាពក្នុងគ្រាលំបាក។
ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជា សប្បុរសជន ជាលក្ខណៈគ្រួសារ សមាគម អាជីវកម្ម រឺបណ្ដាក្រុមហ៊ុនជាច្រើន បានជួយឧបត្ថម្ភគាំទ្រ ដោយនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារការពារ ក៏ដូចជាថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ។
ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០២១នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមានអង្ករចំនួន ៥ តោន, ត្រីខកំប៉ុង ចំនួន ២.០០០យួរ ទឹកស៊ីអ៊ីវ ចំនួន ២.២០០យួរ, ទឹកត្រី ចំនួន ២.២០០យួរ, រួមទាំងថវិកាចំនួន ៤០លានរៀល ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យក្នុងការបំពេញការងារជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។
ក្នុងឱកាសនាំយកអំណោយមកផ្ដល់ជូននេះ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ និងបានចាត់វិធានការ ដើម្បីដោះស្រាយផលប៉ះពាល់បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា ការជួយឧបត្ថម្ភនាពេលនេះ ក៏ជាទំនួលខុសត្រូវសង្គមមួយ របស់វិស័យឯកជនចូលរួមដើម្បីសង្គមជាតិកម្ពុជាផងដែរ។
សម្រាប់ឱកាសដដែលនេះ ឯកឧត្តម ពេញ ធារម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សមាគមទាំងពីរដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបានមានប្រសាសន៍ថា រាល់ជំនួយឧបត្ថម្ភទាំងអស់របស់សប្បុរជននឹងបញ្ជូនទៅតាមមន្ទីរពេទ្យ ចែកជូនអ្នកជំងឺ និងបញ្ជូនទៅតាមតំបន់គោលដៅផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។
កំឡុងពេលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល ក្នុងការចុះយកសំណាក ការចាក់វ៉ាក់សាំង និងការព្យាបាលអ្នកជំងឺកូវីដ-១៩។៕ អត្ថបទ៖ គឹមហុក





