
ប្រជាជននៅប្រទេសលីបង់ភាគខាងត្បូង ដែលបានភៀសខ្លួនកាលពីខែមុន បានប្រញាប់ប្រញាល់ទៅផ្ទះដើម្បីពិនិត្យមើលការខូចខាត ក្នុងអំឡុងពេលបទឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលពួកគេសង្ឃឹមថា នឹងបញ្ចប់ការប៉ះទង្គិចគ្នា នៅតាមព្រំដែនដ៏អាក្រក់បំផុតក្នុងរយៈពេលជិត ២០ឆ្នាំ។
ក្រុមអ្នកចរចា កំពុងជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស បន្តបទឈប់បាញ់រយៈពេល៦ថ្ងៃ នៅក្នុងជម្លោះដែលបានបញ្ជូនរលកដ៏គួរឲ្យភ្ញាក់ផ្អើលនៅជុំវិញតំបន់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ដោយបានរាលដាលឆ្លង ព្រំដែនលីបង់-អ៊ីស្រាអែល ដែលជាកន្លែងដែលអ៊ីស្រាអ៊ែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់គ្នា។
ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ (១២៤) ពីតំបន់ហ្កាហ្សាស្ទ្រីប នៅប្រទេសលីបង់ភាគខាងត្បូង ប្រជាជននៅតំបន់ដែលមានស្លាកស្នាមដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល មានក្តីសប្បាយរីករាយ ដោយពួកគេអាចវិលត្រឡប់ទៅផ្ទះវិញ ចាប់តាំងពីថ្ងៃសុក្រ នៅពេលដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាន។
លោក Mbadda Salloum អ្នកស្រុកមកពីភូមិ Yaroun បាននិយាយនៅខាងក្រៅព្រះវិហារ ដែលរងការខូចខាតនៅក្នុងអរិភាព នាពេលថ្មីៗនេះថា៖«យើងរីករាយណាស់ដែលបានវិលត្រឡប់ទៅភូមិរបស់យើងវិញ»។