
រុស្សី នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) នេះ បានចោទប្រកាន់ប៊ុលហ្គារីថា មានគំនិតព្យាបាទ និងភាពឆោតល្ងង់ ដែលបដិសេធមិនអនុញ្ញាតឲ្យយន្តហោះរបស់រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ហោះហើរឆ្លងកាត់ដែនអាកាសរបស់ខ្លួន។
យន្តហោះនេះត្រូវបានបង្ខំឲ្យហោះហើរលើផ្លូវដ៏វែងឆ្ងាយពីលើប្រទេសក្រិក ដើម្បីនាំលោក Lavrov ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នាទីក្រុងស្កុបជេ (Skopje) ប្រទេសម៉ាសេដូនីខាងជើង។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅទង្វើរបស់ប៊ុលហ្គារីថា «មិនសមហេតុផល និងឆោតល្ងង់»។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា វត្តមានរបស់លោកស្រីនៅលើយន្តហោះ គឺជាហេតុផលដែលផ្តល់ដោយក្រសួងការបរទេសប៊ុលហ្គារី សម្រាប់ការបដិសេធមិនឲ្យហោះចូលដែនអាកាសរបស់ខ្លួន។ មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីក្រសួងរបស់ប្រទេសប៊ុលហ្គារី បន្ទាប់ពីមានហេតុការណ៍នេះ។
សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន អេស្តូនី ឡាតវី និងលីទុយអានី បានប្រកាសធ្វើពហិការមិនចូលរួមកិច្ចប្រជុំ OSCE នៅទីក្រុងស្កុបជេនោះទេ ដើម្បីជាការតវ៉ាចំពោះវត្តមានរបស់គណៈប្រតិភូរុស្ស៊ី៕