ព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងធ្វើការជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវជាតិលេខ៦២ ជាមួយគ្នានេះប្រធានមន្ទីរសាធារណការបានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភបំពានដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននឹងកំពុងបន្តការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីគីឡូម៉ែត្រលេខ ៦៧+៩៥០ ដល់គីឡូម៉ែត្រលេខ ៦៨+៥០០ ស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវចេញ ហើយក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ ដោយសារក្រុមការងារជំនាញកំពុងបន្តសកម្មភាពការងារនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










