តាកែវ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ មន្ត្រីជំនាញសុខាភិបាលខេត្តតាកែវ បានប្រកាសថា មនុស្សចំនួន៥៧នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ-១៩ បន្ទាប់ពីបានយកសំណាកទៅវិភាគកាលពីម្សិលមិញនេះ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ថា អ្នកជំងឺកូវីដ-១៩ ទាំង៥៧នាក់ ត្រូវបានរកឃើញភាគច្រើននៅក្នុងស្រុកបាទី ស្រុកសំរោង ស្រុកទ្រាំង ស្រុកត្រាំកក់ និងក្រុងដូនកែវ ។ បច្ចុប្បន្ននេះ អ្នកជំងឺទាំងអស់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំដោយឡែកចំពោះអ្នកពាក់ព័ន្ធ ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់មន្ត្រីជំនាញសុខាភិបាល។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបន្តថា មន្ត្រីជំនាញសុខាភិបាលកំពុងតែបន្តធ្វើសកម្មភាពយកសំណាកទៅលើបងប្អូនអាជីវករផ្សារតាកែវ និងបងប្អូនកម្មករកម្មការិនីមួយចំនួនបន្តទៀត ដែលមានការជាប់ពាក់ព័ន្ធទៅអ្នកជំងឺកូវីត-១៩ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត ជាពិសេសអាជ្ញាធរមូលដ្ឋានបានបន្តណែនាំដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ អោយចូលខ្លួនមកយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩ និងបានណែនាំអោយធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តតាកែវ មានអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន ១៧៧៣ នាក់ ក្នុងនោះអ្នកជំងឺកូវីដ-១៩ ចំនួនជិត១ពាន់នាក់ ត្រូវបានព្យាបាលជាសះស្បើយ ។ ដោយឡែកក៏មានអ្នកជំងឺកូវី-១៩ ចំនួន១២នាក់ផងដែរ ត្រូវបានស្លាប់បាត់បង់ជីវិត៕
អត្ថបទ ៖ គុជ វិភាគ