
វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក និងឆ្លើយសំណួររបស់សាធារណជន នៅថ្ងៃទី១៤ ខែធ្នូ ដោយធ្វើឲ្យមានការរំពឹងទុកថា លោកនឹងយកព្រឹត្តិការណ៍នេះប្រកាសពីការស្វែងរកអំណាចរយៈពេល ៦ឆ្នាំទៀត។
ក្នុងតំណែងទាំងជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៩៩ មក លោក ពូទីន មិនទាន់និយាយថា តើលោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែមីនាឆ្នាំក្រោយដែរ ឬអត់ ប៉ុន្តែត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា លោកនឹងបន្តឈរឈ្មោះ។ ហើយបើតាមប្រភពចំនួន៦ បានប្រាប់សារព័ត៌មាន Reuters កាលពីដើមខែនេះថា លោក ពូទីន បានសម្រេចចិត្តឈរឈ្មោះ បោលគឺជាការសម្រេចដែលនឹងធ្វើឲ្យរូបលោកបន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០។
ប្រភពទាំងនោះបាននិយាយថា មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានជឿថា រូបលោកត្រូវតែដឹកនាំរុស្ស៊ីឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុត ក្នុងទសវត្សរ៍នេះ ជាការនិយាយយោងទៅសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងជាអ្វីដែលលោកពូទីន ចាត់ទុកជាការតស៊ូប្រយុទ្ធអត្ថិភាពរបស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិច ដើម្បីសណ្តាប់ធ្នាប់ពិភពលោកថ្មី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅថ្ងៃទី១៤ ខែធ្នូ លោក វ៉្លាឌីមៀរ ពូទីន នឹងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ»៕