ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកែប បានកំពុងចាប់ផ្តើមរៀបចំបុណ្យសមុទ្រតាមការគ្រោងទុករបស់ខ្លួន ខណៈជុំទីបីដែលកែបធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»នឹងនាំមកនូវព្រឹត្តិការណ៍កំសាន្ត ត និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន តាមរយៈការរៀបចំស្តង់លក់ផលិតផល ស្តង់ម្ហូបអាហារ ព្រឹត្តិការណ៍តន្រ្តី និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាច្រើនប្រភេទជាដើម។

បុណ្យសមុទ្រជុំទី៣ លើកទី១០នេះ បានកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១នេះដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តខែប។ បុណ្យដែលមានលក្ខណៈប្តូរវេនសម្រាប់ខេត្តជាប់សមុទ្រនៅទិសភាគនារតីនេះមិនត្រឹមតែរួមចំណែកក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ អំពីឆ្នេរធម្មជាតិរបស់ខេត្តដែលជាប់ឆ្នេរសមុទ្រនីមួយៗនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវផងដែរ។

លោក ហេង យ័ន អភិបាលក្រុងកែប បានប្រាប់ទូរទស្សន៍BTVថា បុណ្យសមុទ្រឆ្នាំនេះ នឹងធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែសម្បូរបែបក្នុងចក្ខុអារម្មណ៍ជាមួយនឹងការរៀបចំការប្រគំ តន្រ្តីសម័យជាច្រើនកន្លែង ការប្រកួតកីឡាប្រដាល់គុនខ្មែរ ការបង្ហោះខ្លែងដោយភ្ជាប់ជាមួយភ្លើងពណ៌ និងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀតទាំងតាមបែបបុរាណ និងសម័យ។ មួយវិញទៀតការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ,ឆ្នេរសមុទ្រ ដែលទើបរៀបចំថ្មីៗ, វត្តមានដ៏ប្រណិតរបស់សណ្ឋាគារ, រីសត, ទីកន្លែងអង្គុយកំសាន្តស្រូបយកខ្យល់អាកាសជាច្រើនទៀត រួមទាំងការលក់ម្ហូបអាហារសមុទ្រស្រស់ៗដែលទើបយកចេញពីសមុទ្រពីសំណាក់បងប្អូនប្រជានេសាទភ្លាមៗជាដើមផងដែរ។

បើតាមអភិបាលក្រុងកែបរូបនេះក៏បានលើកឡើងផងដែរថាការដែលខេត្តកែប ត្រូវបានអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះនូវបុណ្យសមុទ្រឆ្នាំ២០២៣នេះ គឺបានកើតចេញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលដឹកនាំដោយរាជរដ្ឋាភិបាល ដោយមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីជា។
សូមបញ្ជាក់ថា បុណ្យសមុទ្រជុំទី៣លើកទី១០ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើន រួមទាំងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់











