ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកស៊ីម៉ងត៍ ដោយអ្នកបើកបររថយន្តងងុយដេក បានបើកបុកម្នាក់កំពុងដើរតាមផ្លូវបេតុង បណ្ដាលអោយបែកក្បាលស្លាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៣និង១០នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ក្បែរផ្សារច្រាំងចំរេះ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នគរបាលបានអោយដឹងថា សពមានឈ្មោះ ង៉ែត សុធារី ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ED4z ផ្លូវលេខ១២៨ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងស្រុកកំណើតនៅ តាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ចំណែកតៃកុងរថយន្តមានឈ្មោះ វ័ណ រតនា អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។
តាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ គេមានស្ត្រីចំណាស់ម្នាក់កំពុងដើរតាមផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្រាប់តែមានបុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខចង្កូតស្ដាំ KPS- 0092 ធ្វើដំណើរស្របទិសដៅជាមួយអ្នកដោយតៃកុងរថយន្តងងុយដេក ងោកមួយផាំង ក៏ជ្រួលបុកស្ត្រីចំណាស់ម្នាក់កំពុងដើរ រួចអូសបុកជាមួយធុងទឹកអំពៅ បណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង។
ក្រោយពេលកើតតៃកុងរថយន្ត រួមទាំងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្តិ៍នគរបាលដើម្បីបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ គុម្ភៈ

