កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នឹងប្រារព្ធពិធីដង្ហែរក្បួន អបអរសាទរដល់ក្រុមកីឡាករបាល់ទាត់ និងទូក-ង ដែលទទួលបានជ័យលាភីលេខ១ ជូនខេត្ត។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ក្រុមកីឡាករទូក-ង និងក្រុមកីឡាករបាល់ទាត់ ដែលបានខិតខំដណ្តើមជ័យលាភីលេខ១ជូនខេត្ត នៅរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការដង្ហែរក្បួន អបអរសាទរ ដល់ក្រុមបាល់ទាត់របស់មន្ទីរ អប់រំ យុវជននិងកីឡាខេត្តកំពង់ចាម និង ក្រុមកីឡាទូក-ង ឈ្មោះ មហាទន្សាយតេជោសែនជ័យ ដែលទទួលបានពាន់រង្វាន់ ជ័យលាភីលេខ១ ជូនខេត្ត នៅឆ្នាំនេះ។
សូមជម្រាបជូនដែរថា ក្បួនដង្ហែរនេះនឹងធ្វើហែរចេញពីមុខសាលាខេត្តកំពង់ចាម បត់តាមផ្លូវត្រសក់ផ្អែម ឆ្ពោះទៅរង្វង់មូលជ័យវរ័្មនទី៧ បន្តទៅវេទិកាអុំទូក តាមមាត់ទន្លេរហូតដល់មុខវត្តដីដុះ បត់តាមរង្វង់មូលនាងគីង្ហីង ឆ្ពោះទៅគល់ស្ពានគីហ្សូនណាតាមផ្លូវជាតិលេខ៧ចាស់ រហូតបញ្ចប់នៅវិមានឯករាជ្យ៕





