សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) បានកំណត់គោលដៅលើកូរ៉េខាងជើង ជាមួយនឹងការដាក់ទណ្ឌកម្មថ្មី បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីសប្តាហ៍មុន ដោយកំណត់លើបណ្ដាភ្នាក់ងារមានមូលដ្ឋាននៅបរទេស ដែលខ្លួនបានចោទប្រកាន់ពីបទសម្របសម្រួលការគេចវេសពីទណ្ឌកម្ម រួមទាំងប្រាក់ចំណូល និងបច្ចេកវិទ្យាសម្រាប់កម្មវិធីអាវុធមហាប្រល័យ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនក៏បានដាក់ទណ្ឌកម្មលើក្រុមចារកម្មតាមអ៊ីនធឺណិត គីមសុគី (Kimsuky) ដោយចោទប្រកាន់ថាក្រុមនេះបានប្រមូលព័ត៌មានសម្ងាត់ដើម្បីគាំទ្រមហិច្ឆតាយុទ្ធសាស្ត្រ និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឡើងដោយមានការសម្របសម្រួលជាមួយអូស្ត្រាលី ជប៉ុន និងកូរ៉េ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីសប្តាហ៍មុនបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួនដោយជោគជ័យ ដែលខ្លួននិយាយថាត្រូវបានរចនាឡើងដើម្បីតាមដានចលនាយោធាអាមេរិក និងកូរ៉េខាងត្បូង។
បេសកកម្មរបស់កូរ៉េខាងជើង នៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍នេះនោះទេ។

ចាប់តាំងពីការបាញ់បង្ហោះផ្កាយរណបមក កូរ៉េខាងជើងបាននិយាយថា មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានពិនិត្យមើលរូបថតផ្កាយរណបចារកម្មរបស់សេតវិមាន មន្ទីរបញ្ចកោណ និងនាវាផ្ទុកយន្តហោះអាមេរិកនៅឯមូលដ្ឋានទ័ពជើងទឹក ណហ្វក (Norfolk)។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនក៏បានរាយការណ៍ផងដែរថា ផ្កាយរណបបានថតរូបទីក្រុង និងមូលដ្ឋានយោធានានានៅកូរ៉េខាងត្បូង ដែនដីហ្គាំ និងអ៊ីតាលី បន្ថែមពីលើទីក្រុងវ៉ាស៊ីនតោន ផងដែរ៕