អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ថាឆ្នាំ២០២៣ នេះត្រូវបានកំណត់ថាជា «ឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា» ដោយនិយាយថាឆ្នាំនេះសីតុណ្ហភាពពិភពលោកកម្រិតបំបែកកំណត់ត្រាជាមធ្យមនៅជុំវិញ ១,៤០អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្មក្នុងអំឡុងឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០ រហូតដល់ខែតុលា បានបំបែកកំណត់ត្រាសីតុណ្ហភាពអាកាសធាតុ អមដោយបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដែលបានបង្កការបំផ្លិចបំផ្លាញជាច្រើន និងភាពអស់សង្ឃឹមដល់ពិភពលោក។

ទីភ្នាក់ងារនោះក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាកាសធាតុអែល នីញ៉ូ នៅឆ្នាំនេះ ទំនងជានឹងបញ្ឆេះកម្ដៅបន្ថែមទៀតនៅឆ្នាំ២០២៤។
ទិន្នន័យរហូតដល់ខែតុលា ឆ្នាំ២០២៣ ស្ទើរតែឈានដល់កម្រិតកំណត់ការឡើងកម្ដៅចំនួន ១,៥អង្សាសេ ប៉ុន្តែមិនមានន័យថាសីតុណ្ហភាពពិភពលោកនឹងលើសពីកម្រិត ១,៥អង្សាសេ ជាអចិន្ត្រៃយ៍ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងប៉ារីស ដោយសំដៅទៅលើការឡើងកម្ដៅរយៈពេលវែងក្នុងរយៈពេលជាច្រើនឆ្នាំនោះទេ។

ដោយប្រតិកម្មទៅនឹងការរកឃើញរបស់អង្គការឧតុនិយមពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានជំរុញឱ្យបណ្ដាមេដឹកនាំប្តេជ្ញាចាត់វិធានការជាបន្ទាន់នៅក្នុងកិច្ចប្រជុំកំពូល COP28 ។

របាយការណ៍ស្តីពីអាកាសធាតុពិភពលោកបណ្តោះអាសន្នរបស់អង្គការ WMO រួមបញ្ចូលគ្នានូវធាតុចូលពីសេវាកម្មឧតុនិយម និងជលសាស្ត្រជាតិ មជ្ឈមណ្ឌលអាកាសធាតុក្នុងតំបន់ ដៃគូរបស់អង្គការសហប្រជាជាតិ និងអ្នកវិទ្យាសាស្ត្រអាកាសធាតុឈានមុខ។
តួលេខសីតុណ្ហភាពនេះ គឺជាការបង្រួបបង្រួមនៃសំណុំទិន្នន័យអន្តរជាតិឈានមុខគេចំនួនប្រាំមួយ ហើយរបាយការណ៍ចុងក្រោយនៃស្ថានភាពអាកាសធាតុសកល ឆ្នាំ២០២៣ រួមជាមួយនឹងរបាយការណ៍ក្នុងតំបន់ នឹងត្រូវបានបោះពុម្ពផ្សាយនៅឆមាសទីមួយនៃឆ្នាំ២០២៤៕