ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងពីការរៀបចំពង្រឹងគុណភាពសេវាសុខាភិបាល បន្ថែម តាមរយៈការពង្រឹងសេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែក ក្នុងស្រុកនីមួយៗថែមទៀត។
ឯកឧត្ដមបន្តថា ក្រៅពីនេះក្រសួងក៏នឹងដាក់ឱ្យមានរថយន្តសង្គ្រោះប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ផងដែរ ដើម្បីត្រៀមជួយដល់ពលរដ្ឋដែលមានតម្រូវការសង្គ្រោះបន្ទាន់។

ដើម្បីឱ្យការងារពង្រឹងសេវាសុខាភិបាលកាន់តែប្រសើរថែមទៀត ក្រសួងក៏បានស្នើសុំគ្រូពេទ្យជិត ១០០០ នាក់បន្ថែមទៀត ដើម្បីពង្រាយនៅគ្រប់តំបន់ និងមានគ្រូពេទ្យប្រចាំការជាប្រចាំ ដើម្បីរង់ចាំជួយសង្គ្រោះ និងព្យាបាលជំងឺជូនពលរដ្ឋ។
វិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការអភិវឌ្ឍសាងសង់មន្ទីរពេទ្យកាន់តែទំនើប ការពង្រាយមណ្ឌលសុខភាពនៅតាមតំបន់នានា គ្រូពេទ្យកម្ពុជាក៏មានសមត្ថភាពប្រហែលនឹងប្រទេសរីកចម្រើននានាផងដែរ ដោយអាចវះកាត់ប្ដូរផ្លាស់បេះដូងបាន វះកាត់ផ្លាស់ប្ដូរសរីរាង្គនា នាបាន វះកាត់យកចេញសរីរាង្គដែលខុសពីធម្មជាតិ មកធម្មតាវិញជាដើម៕ដោយ៖ គង់ ឌិន
