ប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅកាន់តំបន់ហ្កាហ្សា បាននិងកំពុងស្វែងរកតាមកម្ទេចថ្ម និងតាមផ្លូវនានាដែលត្រូវបានបំផ្លាញ ដើម្បីកំណត់អត្តសញ្ញាណពួកគេ មុនពេលបទឈប់បាញ់ ត្រូវបញ្ចប់។

ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រជាជនហ្កាហ្សាមានឱកាស តិចតួចដែលត្រូវចេញដំណើរទៅខាងក្រៅ ដើម្បីស្វែងរកសាច់ញាតិ ដែលបាត់ខ្លួន ឬទៅយកសាកសពរបស់ពួកគេ។
ការចរចា ដើម្បីបន្តបទឈប់បាញ់ផុតកាលកំណត់ នៅព្រឹកថ្ងៃសុក្រនេះ កំពុងបន្ត។

ក្នុងករណីជាច្រើន សាកសពរបស់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ត្រូវបានទុកចោលនៅតាមដងផ្លូវ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងពេកមិនអាច យកពួកគេបាន។
លោក Ramez Abu Kmeil ជាអ្នកស្រុកនៅទីក្រុងហ្កាហ្សា បានប្រាប់សារព័ត៌មាន The Telegraph ថាគាត់បានចេញក្រៅ នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ហើយបានរកឃើញសាកសពមនុស្សជាច្រើន។