កសិករកូរ៉េខាងត្បូងប្រហែល ២០០នាក់ ដែលបង្កាត់ពូជ និងចិញ្ចឹមសត្វសុនខសម្រាប់មនុស្សបរិភោគ បានធ្វើការជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ (៣០ ខែវិច្ឆិកា) នៅជិតការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ដោយតវ៉ាទាមទារឱ្យរដ្ឋាភិបាលលុបចោលផែនការហាមឃាត់ការអនុវត្តដ៏ចម្រូងចម្រាសជាច្រើនសតវត្សន៍មួយនេះ។

កសិករបានប៉ះទង្គិចជាមួយនគរបាល ដែលមានចំនួនយ៉ាងច្រើន និងបានបង្កើតរបាំងរារាំងពួកគេមិនឲ្យឆ្លងកាត់ផ្លូវដើម្បីចូលទៅជិតការិយាល័យប្រធានាធិបតី។ អ្នករៀបចំការតវ៉ាបាននិយាយថា អ្នកតវ៉ាបីនាក់រួមទាំងលោក ជូ យឹងបុង (Ju Yeong-Bong) ប្រធានគណកម្មការកសិដ្ឋានសាច់សុនខ ត្រូវបាននគរបាលចាប់ឃុំខ្លួនក្នុងកន្លែងតវ៉ាដែលមានភាពវឹកវរ។

គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានដាក់ចេញនូវសេចក្ដីស្នើច្បាប់ហាមឃាត់ការបង្កាត់ពូជ និងលក់សត្វសុខនសម្រាប់បរិភោគ និងផ្តល់សំណងជាហិរញ្ញវត្ថុសម្រាប់អ្នកជំនួញនៅក្នុងឧស្សាហកម្មប្រភេទនេះ ដែលបង្ខំឱ្យបិទអាជីវកម្មរបស់ពួកគេក្នុងរយៈពេលអនុគ្រោះបីឆ្នាំ។

ខណៈពេលដែលការអនុវត្តនៃការបរិភោគសាច់សុខនបានធ្លាក់ចុះនៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង បណ្ដាកសិករ និងម្ចាស់ភោជនីយដ្ឋានដែលលក់សាច់សត្វប្រភេទនេះ បានបន្តតស៊ូដើម្បីរក្សាភាពស្របច្បាប់ដល់ការបរិភោគសាច់សុនខនៅក្នុងប្រទេសនេះ៕