កោះតៃវ៉ាន់បានរាយការណ៍ម្តងទៀតពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន នៅជុំវិញកោះនេះកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) រួមទាំងយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង រក្សាសកម្មភាពយោធារបស់ខ្លួនមុនការបោះឆ្នោតនៅខែមករា របស់កោះមួយនេះ។

កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះនៃការល្បាត និងសមយុទ្ធយោធារបស់ចិនជាទៀងទាត់នៅជិតកោះនេះ។
កោះតៃវ៉ាន់ធ្វើការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១១៣ ខែមករា ខាងមុខនេះ និងយុទ្ធនាការបោះឆ្នោតបានឈានដល់ដំណាក់កាលតានតឹង ហើយទំនាក់ទំនងជាមួយចិន គឺជាចំណុចសំខាន់នៃជម្លោះក្នុងតំណែងមេដឹកនាំបន្ទាប់។

អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ បានរកឃើញយន្តហោះចម្បាំង J-10 និងយន្តហោះ J-16 ក៏ដូចជាឧទ្ធម្ភាគចក្រដឹកតាមកប៉ាល់ កំពុងប្រតិបត្តិការនៅកណ្តាលកោះតៃវ៉ាន់ និងទៅភាគនិរតីនៃកោះនេះ។
អាជ្ញាធរការពារជាតិនេះបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។
ក្នុងខែនេះ កោះតៃវ៉ាន់បានរាយការណ៍ថា មានសកម្មភាពយោធាទ្រង់ទ្រាយធំស្រដៀងគ្នាចំនួនបីផ្សេងទៀត ដោយកងកម្លាំងអាកាសរបស់ចិន ដែលទីក្រុងប៉េកាំង មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕