ការធ្លាក់ព្រិល និងទឹកកក បានរំខានដល់ជីវិតប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃប្រទេសអាល្លឺម៉ង់ ខណៈសីតុណ្ហភាពបានធ្លាក់ចុះខ្លាំង នៅទូទាំងទ្វីបអឺរ៉ុប។
យោងតាមភ្នាក់ងារព្យាករណ៍ Maxar Technologies ស្ថានភាពអាកាសធាតុដ៏ត្រជាក់មិនសមរដូវកាលនឹងមើលឃើញផ្នែកខ្លះនៃអនុតំបន់ស្កែនឌីណាវីយ៉ា(Scandinavia) ជួបប្រទះសីតុណ្ហភាពត្រជាក់-២០អង្សាសេ (-20C)ខណៈ ទីក្រុង ប៊ែរឡាំង បានជួបប្រទះការធ្លាក់ចុះសីតុណ្ហភាពត្រជាក់រហូតដល់ -៦អង្សាសេ (-6C) កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមអាជ្ញាធរបានស្នើឱ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួនជុំវិញទីក្រុង ហ្វ្រែងហ្វត (Frankfurt)ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការទៅកាន់តំបន់ព្រៃឈើកាលពីថ្ងៃអង្គារ ដោយសារហានិភ័យនៃគ្រោះថ្នាក់ដល់អាយុជីវិតកើនឡើង។
មនុស្ស ៧០ នាក់ត្រូវបានជាប់ក្នុងរថយន្តរបស់ពួកគេនៅលើផ្លូវហាយវេមួយ ហើយរថយន្តដឹកទំនិញបានជាប់គាំងនៅលើផ្លូវ។ សិស្សសាលា និងគ្រូបង្រៀនមួយចំនួនត្រូវស្នាក់នៅក្នុងសាលាមួយយប់។

ចំណែកនៅចក្រភពអង់គ្លេសវិញ សាលារៀនជាង៣០កន្លែងនៅក្នុងតំបន់ Cornwall ត្រូវបានបិទទ្វារឬពន្យារពេលការចូលរៀន ដោយសារស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ។
ចក្រភពអង់គ្លេសត្រូវបានរងការវាយប្រហារដោយអាកាធាតុត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះស្របពេលសីតុណ្ហភាពពេលយប់ជ្រៅបានធ្លាក់ចុះក្រោមកម្រិតកក៕