ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃព្រហស្បតិ៍ បានចុះទៅពិនិត្យមើលប៉ុស្តិ៍បញ្ជាការខ្សែត្រៀមជួរមុខ នៅអ៊ុយក្រែនភាគខាងកើត និងភាគខាងត្បូង ខណៈដែលមន្ត្រីក្នុងតំបន់ បានរាយការណ៍ថា មនុស្ស៦នាក់ បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស រ៉ុក្កែត និងកាំភ្លើងធំរបស់រុស្ស៊ី។

ទោះបីជាខ្សែត្រៀមជួរមុខ បានផ្លាស់ប្តូរតិចតួច ក្នុងរយៈពេលជាងមួយឆ្នាំក្តី ក៏ការប្រយុទ្ធគ្នា នៅតែមានភាពខ្លាំងក្លា ដោយភាគីទាំងសងខាង ប្រញាប់ប្រញាល់រុលទៅមុខ ខណៈដែលសីតុណ្ហភាព ត្រជាក់ខ្លាំង។
លោកហ្សេឡិនស្គី បាននិយាយថា លោកបានជួបពិភាក្សាជាមួយមេបញ្ជាការយោធា នៅក្នុងតំបន់ Kharkiv ភាគឦសាន និងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia) ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។

ដោយបានជួបជាមួយទាហាន លោកបានសរសើរកងទ័ពអ៊ុយក្រែន ដែលបានដាក់ពង្រាយជុំវិញទីក្រុង Kupiansk ដែលជាទីក្រុងដែលកងកម្លាំងរុស្ស៊ី បានមើលឃើញ ចាប់តាំងពីទីក្រុងនេះត្រូវបានដណ្តើមមកវិញដោយអ៊ុយក្រែន កាលពីខែកញ្ញា ឆ្នាំមុន។
លោកហ្សេឡិនស្គី បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមថា៖«អ្នកប្រយុទ្ធនៅខ្សែត្រៀមជួរមុខ Kupiansk កំពុងការពារជីវិតសន្តិភាពរបស់ប្រជាជនអ៊ុយក្រែន និងប្រជាជននៃតំបន់ Kharkiv»។