ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចប្រកាសពីបំណងរបស់លោកសម្រាប់ការបោះឆ្នោតថ្មីនៅដើមខែនេះ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និយាយថា យុទ្ធនាការរបស់លោកសម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលកំណត់ពេលធ្វើនៅខែមីនាខាងមុខ បានចាប់ផ្តើមយ៉ាងមានប្រសិទ្ធភាពជាមួយនឹងការបង្ហាញសមិទ្ធផលរបស់រុស្ស៊ី។

ព្រឹត្តិការណ៍ទ្រង់ទ្រាយធំដែលកំពុងធ្វើឡើងមានឈ្មោះថា «Russia Expo» បានបើកនៅទីក្រុងមូស្គូកាលពីដើមខែវិច្ឆិកា។ ពិព័រណ៌បានបង្ហាញពីបច្ចេកវិទ្យាអវកាស និងនុយក្លេអ៊ែររបស់រុស្ស៊ី ដែលប្រទេសនេះតែងតែផ្សព្វផ្សាយ។ ស្តង់ជាច្រើនមកពីជាង ៨០ តំបន់ កំពុងបង្ហាញឧស្សាហកម្ម និងវប្បធម៌របស់ពួកគេ។ ជាក់ស្តែង ពិព័រណ៍នេះ បានសាទរពីគោលនយោបាយរបស់លោកPutin ថាជាអ្នកជំរុញការអភិវឌ្ឍន៍របស់រុស្ស៊ី។

ពិព័រណ៌ក៏មានស្តង់ជាច្រើន ណែនាំពីតំបន់គ្រីម៉េ នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធឯកតោភាគីក្នុងឆ្នាំ២០១៤ និងតំបន់អ៊ុយក្រែនចំនួន៤ ដែលរុស្ស៊ីបានប្រកាសការគ្រប់គ្រងជាឯកតោភាគី កាលពីឆ្នាំមុន។
ឧបករណ៍ដាក់តាំង ក៏បង្ហាញពីសមិទ្ធិផលស្នាដៃនៃការឈ្លានពានលើអ៊ុយក្រែនផងដែរ។ ស្ត្រីម្នាក់ និយាយថា នាងមានមោទនភាពចំពោះប្រទេសរបស់នាង ដែល រុស្ស៊ីកំពុងរីកចម្រើន ទោះបីជាមានរឿងគ្រប់យ៉ាង បានកើតឡើងក្នុងឆ្នាំនេះក៏ដោយ។ និស្សិតសកលវិទ្យាល័យម្នាក់និយាយថា ប្រទេសរបស់គាត់មានអនាគតដ៏អស្ចារ្យ។
សភារុស្ស៊ីត្រូវបានគេរំពឹងថានឹងសម្រេចជាផ្លូវការថ្ងៃបោះឆ្នោតប្រធានាធិបតីនៅក្នុងខែនេះ។
ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញរុស្ស៊ី សន្និដ្ឋានថា លោក Putin អាចនឹងប្រកាសបេក្ខភាពរបស់លោក នៅក្នុងសន្និសីទសារព័ត៌មាន និងវគ្គសំណួរចម្លើយជាមួយសាធារណជន ដែលគ្រោងធ្វើនៅថ្ងៃទី ១៤ ខែធ្នូ។