ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកា បានរារាំងបម្រាមកម្រិតរដ្ឋដំបូងរបស់រដ្ឋ Montana លើការប្រើប្រាស់កម្មវិធីចែករំលែកវីដេអូខ្លី TikTok មិនឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមករា ដោយនិយាយថា វាបានរំលោភលើសេរីភាពសិទ្ធិនិយាយស្តីរបស់អ្នកប្រើប្រាស់។

ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហអាមេរិក លោក Donald Molloy បានចេញសេចក្តីបង្គាប់ ដើម្បីរារាំងបម្រាមលើកម្មវិធីដែលគ្រប់គ្រងដោយប្រទេសចិន ដោយនិយាយថា បម្រាមរបស់រដ្ឋ ប្រព្រឹត្តហួសពីអំណាចរដ្ឋ និងរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញរបស់អ្នកប្រើប្រាស់។

កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិន ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុន បានប្តឹងរដ្ឋ Montana កាលពីខែឧសភា ដោយស្វែងរកការរារាំងមិនឲ្យដាក់បម្រាមរដ្ឋរបស់សហរដ្ឋអាមេរិកលើហេតុផលជាច្រើន ដោយអះអាងថា វារំលោភលើសិទ្ធិសេរីភាពនិយាយស្តីនៃវិសោធនកម្មដំបូងរបស់ក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់ខ្លួន។ អ្នកប្រើប្រាស់ TikTok នៅរដ្ឋ Montana ក៏បានដាក់ពាក្យប្តឹងដើម្បីរារាំងបម្រាមនេះផងដែរ។
ការិយាល័យអគ្គមេធាវីរដ្ឋ ការពារការដាក់បម្រាម ដែលត្រូវបានអនុម័តដោយនីតិប្បញ្ញត្តិ បានលើកឡើងពីការព្រួយបារម្ភអំពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅរដ្ឋ Montana និងចារកម្មរបស់ចិនដ៏មានសក្តានុពលនោះ ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។
ក្រុមហ៊ុន TikTok បាននិយាយនៅក្នុងឯកសារតុលាការថា ក្រុមហ៊ុន មិនបានចែករំលែក និងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិននោះទេ ហើយមានចំណាត់ការជាច្រើនដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ TikTok។