នៅថ្ងៃទី១ ខែធ្នូនេះ បណ្តាវិទ្យាល័យនានា នៅខេត្តកណ្តាល ក៏បានរៀបចំកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣ ឆ្នាំ២០២៤ ក្នុងឱកាសនេះ លោកគ្រូអ្នកគ្រូបង្រៀន បានបង្ហាញតាំងចិត្តលើការស្វែងរកវិធីសាស្ត្រថ្មីល្អៗបន្ថែមទៀត ដើម្បីបង្ហាត់បង្រៀនសិស្សឲ្យរៀនពូកែ និងប្រឡងទទួលបាននិទេ្ទសល្អៗនាពេលខាងមុខ។

នៅក្នុងឱកាសអញ្ជើញចូលរួមបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ លោកគ្រូអ្នកគ្រូបង្រៀន បានប្ដេជ្ញាចិត្តធ្វើជាឪពុកម្តាយទីពីររបស់សិស្សឲ្យល្អបំផុត និងខិតខំរិះរកវិធីសាស្ត្របង្រៀនថ្មីៗបន្ថែមឲ្យបានជាច្រើន យកទៅបង្រៀនធ្វើឲ្យសិស្សងាយយល់ ងាយចំា មានចំណេះដឹងល្អ។
ចំណែកសិស្សានុសិស្សដែលត្រូវចូលឆ្នាំសិក្សាថ្មីថ្នាក់ទី ១២ បានលើកឡើងថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ ពួកគេទាំងអស់គ្នានឹងខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រ ប្រកាន់ខ្ជាប់សីលធម៌ល្អ និងខិតខំប្រឡងយកនិទ្ទេសល្អជូនខ្លួនឯង ជូនឱពុកម្តាយ ជូនសាលា។

សូមជម្រាបថា ក្នុងឱកាសថ្ងៃបើកបវេសនកាលថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើមាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប ចូលរួមតាមដាន លទ្ធផលការសិក្សា អត្តចរឹក សីលធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ ក្នុងសាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូន និងបង្កលក្ខណៈឲ្យកូនរៀននៅក្នុងផ្ទះឲ្យបានច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា
