មរណភាពរបស់រដ្ឋបុរសអាមេរិក លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger) កំពុងតែត្រូវបានកាន់ទុក្ខយ៉ាងក្រៀមក្រំនៅក្នុងប្រទេសចិន ជាទីដែលលោកត្រូវបានគេលើកសរសើរ កាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ថាជា «មិត្តចាស់» សម្រាប់តួនាទីក្នុងការទំនាក់ទំនងក្នុងសតវត្សទី២០ រវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនប្រឹក្សារបស់លោក បានប្រកាសថាលោក ឃីសស៊ីងជើ វ័យ ១០០ឆ្នាំ បានស្លាប់កាលពីថ្ងៃពុធ នៅគេហដ្ឋានរបស់ខ្លួនក្នុងរដ្ឋ ខនណិកធីខាត់ (Connecticut) សហរដ្ឋអាមេរិក ។ ដំណឹងនេះបានទាក់ទាញការរំលែកទុក្ខពីបណ្ដាមន្ត្រីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅទីក្រុងប៉េកាំង ដែលលោក ឃីសស៊ីងជើ បានទៅទស្សនៈកិច្ចនាពេលថ្មីៗនេះ។

ការបើកឱកាសរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីភាពឯកោជាសកលជាច្រើនទសវត្សរ៍ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនៈកិច្ចសម្ងាត់របស់លោក ឃីសស៊ីងជើ ទៅកាន់ប្រទេសចិន ដែលបានក្រាលផ្លូវសម្រាប់ការធ្វើដំណើរជាប្រវត្តិសាស្ត្រដោយអតីតប្រធានាធិបតីអាមេរិក លោក នីសុន (Nixon) នៅឆ្នាំបន្ទាប់ និងការបង្កើតទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងចិន ក្នុងឆ្នាំ១៩៧៩។

លោក ឃីសស៊ីងជើ បានសកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ក្នុងនាមជាអ្នកការទូត និងអ្នកជំនួញ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកតែងតែសម្តែងការព្រួយបារម្ភអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅពេលដែលប្រទេសទាំងពីរបានប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនរួមមានពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស ស្ថានភាពរបស់កោះតៃវ៉ាន់ ព្រមទាំងតួនាទីរបស់ចិនលើសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងបណ្ដាមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានផ្ញើសារចូលរួមរំលែកទុក្ខដល់លោកប្រធានាធិបតី ចូ បៃដិន ដោយហៅលោក ឃីសស៊ីងជើ ថាជាមិត្តចាស់ និងមិត្តជាទីស្រឡាញ់របស់ប្រជាជនចិន និងជាអ្នកនយោបាយនាំមុខគេផងដែរ៕