កែប៖ លោកជំទាវ ស្រូយ សុជាតិ អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជាបានចូលរួមជាអធិបតី និងអមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ គណៈអភិបាលខេត្តកែប សភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរពាក់ព័ន្ធ ក្នុងពិធីបើកការបោះជំរំកាយរឹទិ្ធនៃបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលប្រតិភូកាយរឹទិ្ធចូលរួមចំនួន ១៥០ នាក់ នៅឆ្នេរសន្តិភាពខាងមុខសាលាខេត្តកែប។
គោលបំណងសំខាន់ៗនៃការរៀបចំកម្មវិធីបោះជំរំនេះ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ពិសេសជំរុញការផ្សព្វផ្សាយអេកូទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រកម្ពុជាទៅកាន់ពិភពលោក។
លោកជំទាវអធិបតី បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរខេត្តកែបគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ឱកាស និងចូលរួមសហការគ្រប់បែបយ៉ាង ក្នុងកម្មវិធីបោះជំរំនេះ។ ជាមួយគ្នានេះ លោកជំទាវក៏បានកោតសរសើរចំពោះប្រតិភូកាយរឹទ្ធិ លើការរៀបចំតុបតែងជំរំ ក៏ដូចជាបានចូលរួមសកម្មភាពសង្គមជាច្រើនរួមមាន ដាំដើមឈើ រើសសំរាម និងសំអាតបរិស្ថាន។
បន្ទាប់មក លោកជំទាវអធិបតី បានផ្តល់កិត្តិយសបង្ហោះខ្លែងជានិមិត្តរូបតំណាងសន្តិភាព និងសេរីភាព ដើម្បីចូលរួមអបអរសាទរពិធីបើកការបោះជំរំកាយរឹទិ្ធនៃបុណ្យសមុទ្រ លើកទី១០។ ដោយ ៖ ដារា