សៀមរាប ៖ សហរដ្ឋអាម៉េរិក បានសម្រេចផ្ដល់ជំនួយថវិកា៤៥ម៉ឺនដុល្លារ ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការថែរក្សាអភិរក្ស ប្រាសាទភ្នំបាខែង នៃសតវត្សទី១០ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ផាទ្រីក មឺហ្វី (W. Patrick Murphy) ក្នុងពិធីចុះហត្ថលេខា ផ្តល់ជំនួយថវិកា៤៥ម៉ឺនដុល្លារ នៅថ្ងៃទី០១ ខែធ្នូ នេះ បានមានប្រសាសន៍ថា លោកមានសេចក្តីរំភើបរីក រាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់ អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ សហរដ្ឋអាមេរិក មានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែង លើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា ។ ចាប់តាំងពីឆ្នាំ២០២៤មក សហរដ្ឋអាម៉េរិក បានផ្តល់ មូលនិធិសម្រាប់អភិក្សប្រាសាទភ្នំបាខែង ចំនួន៤លានដុល្លា ។
លោកបានបញ្ជាក់ថា ប្រាសាទភ្នំបាខែង ជាគោលដៅដ៏ធំជាងគេបង្អស់មួយ នៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ។ ក្នុងរយៈពេល២០ឆ្នាំមកនេះ អាម៉េរិក បានជួយឧបត្ថម្ភ គាំទ្រដល់គម្រោងនានាជាច្រើន នៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្ម ប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំង និងទីលាន នៃប្រាសាទនេះ ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះ ក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះ ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំ ណរគុណដល់អាម៉េរិក ដែលមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃ ទៀត ក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមក ក៏បានជួយដល់គម្រោងជួសជុលជណ្ដើរខាងជើង របស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួន ឱ្យវិលត្រឡប់មកមាតុ ភូមិវិញផង ។
លោកជំទាវ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាម៉េរិក បានផ្ដល់នូវផលប្រ យោជន៍យ៉ាងខ្លាំង រវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ។
មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អភិរក្សតំបន់ បេតិកភណ្ឌវប្បធម៌សំខាន់ៗជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួងការបរទេសអាម៉េរិក បានផ្ដល់ថវិកា៦លានដុល្លារ តាំងពីឆ្នាំ២០០១មក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេង ទៀត ដោយរួមទាំងប្រាសាទព្រះវិហារ និងតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ៕ ដោយ ៖ សាវី















