
សង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បានរុញផ្លូវរបស់ខ្លួនទៅដល់ស្ថានភាពដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងឌូបៃ កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមអ្នកធ្វើយុទ្ធនាការ អំពាវនាវឲ្យមានបទឈប់បាញ់ ហើយអ៊ីស្រាអែលឆ្លៀតឱកាស ដើម្បីពិភាក្សាអំពីការដោះលែងចំណាប់ថ្នូរ។
រយៈពេលជាង៧សប្តាហ៍ចូលទៅក្នុងសង្រ្គាមដ៏សាហាវ កិច្ចពិភាក្សា COP28 បានបើកជាមួយនឹងភាពស្ងៀមស្ងាត់មួយភ្លែត ដែលប្រកាសដោយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry ដែលជាប្រធាន COP27 សម្រាប់«ជនស៊ីវិលទាំងអស់ដែលបានបាត់បង់ជីវិត ក្នុងអំឡុងពេលជម្លោះបច្ចុប្បន្ន នៅតំបន់ហ្កាហ្សា»។
ជម្លោះ ក៏បានគ្របដណ្ដប់លើរបៀបវារៈរបស់សកម្មជន ដោយមានការលាយឡំនឹងសំឡេងស្រែកច្រៀង អ្នកការពារយុត្តិធម៌អាកាសធាតុដែលពាក់ក្រមា keffiyeh បានជំរុញឲ្យមានបទឈប់បាញ់ និងការបញ្ចប់ការបិទផ្លូវរយៈពេល ១៧ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
លោក Lidy Nacpil តំណាងឲ្យក្រុមចម្រុះនៃអង្គការយុត្តិធម៌អាកាសធាតុចំនួន ៣៥០ បានប្រាប់សន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំ COP ថា៖«យើងនៅទីនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់យើងជាមួយប៉ាឡេស្ទីន និងអំពាវនាវឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍»។
សង្គ្រាម បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតមកពីតំបន់ហ្កាហ្សា បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងមានការចាប់ពង្រត់ប្រហែល ២៤០ នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។