
អាជ្ញាធរសុខាភិបាលរបស់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) បានជំរុញឱ្យមនុស្សចាស់ កូនក្មេង និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយសារតែការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅទីនោះ ជាវិធានការមួយដែលក្រុមអ្នកជំនាញបាននិយាយថាមិនមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យសុខភាពសាធារណៈនោះទេ។
អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុនបានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺនេះ ហើយក្រុមមន្ត្រីអង្គការ WHO បាននិយាយថា មិនមានកម្រិតឆ្លងខ្ពស់ដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ ហើយថាមិនបានរកឃើញមេរោគចម្លែក ឬថ្មីណាមួយនោះឡើយ។
កោះតៃវ៉ាន់បានប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះការផ្ទុះជំងឺនៅក្នុងប្រទេសជិតខាងដ៏ធំរបស់ខ្លួនចាប់តាំងពីការផ្ទុះឡើងនៃរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិន និងបានសម្លាប់មនុស្សជិត ៨០០នាក់ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០០២ និងឆ្នាំ២០០៣ មក។ ប្រទេសចិន ដែលរដ្ឋាភិបាលរបស់ខ្លួនអះអាងសិទ្ធលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់ នោះដំបូងឡើយបានព្យាយាមបិទបាំងការផ្ទុះឡើងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ អាជ្ញាធរសុខាភិបាលរបស់កោះតៃវ៉ាន់បាននិយាយថា ដោយសារតែការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន មនុស្សចាស់ កុមារតូចៗ និងមនុស្សផ្សេងទៀត ដែលមានប្រព័ន្ធភាពស៊ាំខ្សោយត្រូវបានស្នើសុំមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ លើកលែងតែមានករណីចាំបាច់៕