
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តប្រតិបត្តិការប្រយុទ្ធនៅតំបន់ហ្កាហ្សា ស្ទ្រីប រយៈពេលប៉ុន្មាននាទី បន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នជាមួយក្រុមហាម៉ាស បានផុតកំណត់នៅថ្ងៃសុក្រ (០១ ធ្នូ) នេះដោយបន្ទោសក្រុមសកម្មប្រយុទ្ធនេះចំពោះការបំពានបទឈប់បាញ់។
បទឈប់បាញ់នេះបានផុតកំណត់នៅម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃសុក្រនេះ ហើយការផ្អាកប្រយុទ្ធបានចាប់ផ្តើមមួយសប្តាហ៍មុន គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា។ ដំបូងបទឈប់បាញ់នេះមានរយៈពេលបួនថ្ងៃ ហើយបន្ទាប់មកត្រូវបានពន្យារពេលជាច្រើនថ្ងៃដោយមានជំនួយពីប្រទេសកាតា និងអ្នកសម្របសម្រួលអេហ្ស៊ីប។
ក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធផ្សេងទៀតនៅហ្កាហ្សា បានដោះលែងចំណាប់ថ្នូរជាង ១០០នាក់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល ជាថ្នូរនឹងពលរដ្ឋប៉ាឡេស្ទីន ២៤០នាក់ ដែលត្រូវបានដោះលែងពីពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែល។
ស្ទើរតែទាំងអស់នៃអ្នកដែលត្រូវបានដោះលែងទាំងនោះ គឺជាស្ត្រី និងកុមារ ប៉ុន្តែការពិតដែលថាចំណាប់ថ្នូរជាច្រើននាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ធ្វើឱ្យមានភាពស្មុគស្មាញដល់ការឈានដល់កិច្ចព្រមព្រៀងសម្រាប់ការបន្តបទឈប់បាញ់បន្ថែមទៀត។
ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា អស់រយៈពេល ១៦ឆ្នាំនេះ ក៏ត្រូវបានគេរំពឹងថានឹងកំណត់តម្លៃខ្ពស់សម្រាប់ចំណាប់ថ្នូរដែលនៅសល់ជាពិសេសទាហានអ៊ីស្រាអែល។ ចំណាប់ថ្នូរប្រហែល ១៤០នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដោយមានជាង ១០០នាក់ ត្រូវបានដោះលែងជាផ្នែកមួយនៃបទឈប់បាញ់បណ្ដោះអាសន្ននោះ៕