
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រ (ទី១ ខែធ្នូ) នេះ បាននិយាយថា ប្រទេសជប៉ុនមានការព្រួយបារម្ភ ដែលយោធាអាមេរិកកំពុងបន្តហោះហើរយន្តហោះ Osprey ទោះបីជាមានការស្នើសុំឲ្យផ្អាកសិន រហូតដល់មានការបញ្ជាក់យ៉ាងប្រាកដប្រជាពីសុវត្ថិភាពរបស់យន្តហោះនេះ បន្ទាប់ពីមានឧបទ្ទវហេតុ ក្នុងសប្តាហ៍នេះ។
ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក បានស្វែងរកការផ្អាកជើងហោះហើរ V-22 Osprey ដែលគ្មានភាពបន្ទាន់ទាំងអស់ នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីបានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) នៅភាគខាងលិចប្រទេសជប៉ុន។ ឆ្មាំល្បាតឆ្នេរសមុទ្រជប៉ុន បាននិយាយថា មនុស្សម្នាក់ត្រូវបានរកឃើញ និងបញ្ជាក់ថា ស្លាប់ ហើយការស្វែងរកចំពោះមនុស្ស ៧នាក់ផ្សេងទៀត ដែលនៅសល់លើយន្តហោះនោះ នៅតែបន្តធ្វើ។
មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានប្រាប់ថា ខ្លួននៅតែបន្តហោះហើរយន្តហោះ Osprey សម្រាប់ពេលនេះ ហើយថា ខ្លួនមិនបានដឹងពីសំណើផ្លូវការណាមួយ ដើម្បីឲ្យមានការផ្អាកនោះទេ។ នៅពេលសួរអំពីសេចក្តីថ្លែងការណ៍នោះ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយថា ទីក្រុងតូក្យូ បាន «ធ្វើសំណើនោះជាផ្លូវការ»។
លោក Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងមានការព្រួយបារម្ភ ដែលយន្តហោះ Osprey នៅតែបន្តហោះហើរ បើទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតរបស់យើងក៏ដោយ ហើយជាពិសេសក្នុងករណី ដែលគ្មានការពន្យល់គ្រប់គ្រាន់ (ពីយោធាសហរដ្ឋអាមេរិក)»។
កងកម្លាំងការពារស្វ័យការពាររបស់ប្រទេសជប៉ុន (SDF) ដែលប្រតិបត្តិការយន្តហោះ Osprey ផងដែរនោះ បាននិយាយថា ពួកគេនឹងផ្អាកការហោះហើរយន្តហោះដឹកជញ្ជូននេះ។ សូមបញ្ជាក់ថា ការដាក់ពង្រាយយន្តហោះប្រភេទកូនកាត់នេះ នៅក្នុងប្រទេសជប៉ុន កើតមាននូវភាពចម្រូងចម្រាស ដោយអ្នករិះគន់ពីវត្តមានយោធាអាមេរិក នៅប្រជុំកោះភាគនិរតីនេះ និយាយថា វាងាយនឹងមានគ្រោះថ្នាក់៕