
គណៈប្រតិភូបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមប្រទេសផលិតប្រេងរបស់អង្គការ OPEC+ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានយល់ព្រមកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្ត ពោលគឺបន្ថយដល់ ២លានបារ៉ែល ក្នុងមួយថ្ងៃ នៅដើមឆ្នាំក្រោយ ដោយនេះជាការបន្តដំណើរការ ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជុំវិញការកាត់បន្ថយដោយស្ម័គ្រចិត្ត ដែលមានស្រាប់របស់ខ្លួន។
អារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី និងប្រទេសសមាជិកផ្សេងទៀតនៃអង្គការ OPEC+ ដែលផលិតប្រេងច្រើនជាង ៤០ភាគរយរបស់ពិភពលោក មិនបានឈានដល់ការព្រមព្រៀងគ្នាលើការកាត់បន្ថយជាក្រុមនោះឡើយ នៅក្នុងកិច្ចប្រជុំនិម្មិត កាលពីថ្ងៃព្រហស្បតិ៍ តែបណ្ដាសមាជិករបស់ប្លុកបានបន្តអនុវត្តការកាត់បន្ថយដោយស្ម័គ្រចិត្តនេះ។
ជាមួយគ្នានេះ អង្គការ OPEC+ ក៏បានស្នើឲ្យប្រេស៊ីល ដែលជាប្រទេសផលិតធំជាងគេទាំង១០ នោះ ឲ្យក្លាយជាសមាជិករបស់ក្រុមនេះផងដែរ ហើយរដ្ឋមន្ត្រីថាមពលរបស់ប្រទេសនេះ សង្ឃឹមថា ខ្លួននឹងចូលរួមជាមួយប្លុកនេះ ក្នុងខែមករា។ ការជួបប្រជុំគ្នារបស់ក្រុមនេះ គឺដើម្បីពិភាក្សាអំពីទិន្នផលឆ្នាំ២០២៤ ចំពេលមានការបារម្ភថា ទីផ្សារប្រឈមនឹងអតិរេក នាពេលខាងមុខ ហើយខណៈដែលការកាត់បន្ថយ ១លានបារ៉ែល ក្នុងមួយថ្ងៃ ដោយអារ៉ាប៊ីសាអូឌីត ត្រូវបានកំណត់ថា នឹងបញ្ចប់នៅខែក្រោយ។
ទិន្នផលរបស់ OPEC + ប្រហែល ៤៣លានបារ៉ែល ក្នុងមួយថ្ងៃ ឆ្លុះបញ្ចាំងរួចហើយអំពីការកាត់បន្ថយប្រហែល ៥លានបារ៉ែល ក្នុងមួយថ្ងៃ ដែលធ្វើឡើងក្នុងគោលបំណងគាំទ្រដល់តម្លៃ និងស្ថិរភាពទីផ្សារ៕