
តំណាងសហជីពដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន «Rengo» បាននិយាយថា សហជីពនឹងស្នើសុំដំឡើងប្រាក់ឈ្នួលយ៉ាងហោចណាស់ ៥ភាគរយ ក្នុងការចរចាប្រាក់ឈ្នួលនិទាឃរដូវ នាឆ្នាំក្រោយ ដើម្បីជួយឲ្យបុគ្គលិក មានលទ្ធភាពទប់ទល់នឹងតម្លៃនៃការរស់នៅ ដែលប្រឈមនឹងអតិផរណាខ្ពស់។
បណ្ដាក្រុមហ៊ុន នៅជប៉ុន កំពុងរងសម្ពាធពីការទាមទាររបស់នាយករដ្ឋមន្ត្រី លោក Fumio Kishida ដើម្បីឲ្យមានការដំឡើងប្រាក់បៀវត្សរ៍លើសពីអតិផរណា ដែលបច្ចុប្បន្នកំពុងឈានដល់អត្រា ២,៩ភាគរយ។ ហើយការសម្រេចរបស់សហជីព Rengo គឺស្របតាមការទាមទារស្រដៀងគ្នា ដែលធ្វើឡើងដោយសហជីពផ្សេងទៀត ហើយវាបើកផ្លូវឲ្យធនាគារកណ្តាលជប៉ុនបោះបង់ចោលគោលនយោបាយជំរុញរូបិយវត្ថុជាង ១០ឆ្នាំរបស់ខ្លួន។
ក្រុមប្រឹក្សាការងាររបស់ជប៉ុន JCM ដែលតំណាងឲ្យកម្មករដែកចំនួន ២លាននាក់ បាននិយាយថា ខ្លួនកំពុងពិចារណាស្នើសុំការដំឡើងប្រាក់ឈ្នួលគោលប្រចាំខែយ៉ាងហោចណាស់ ៣ភាគរយ នៅពេលធ្វើការពិភាក្សាអំពីប្រាក់ឈ្នួល។
បើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា អ្នកសេដ្ឋកិច្ច ៦នាក់ ក្នុងចំណោម ១០នាក់ រំពឹងថា ការដំឡើងប្រាក់ខែរបស់ក្រុមហ៊ុនធំៗ នៅឆ្នាំ២០២៤ នឹងលើសពីការដំឡើងនៅឆ្នាំនេះ៕