
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សសរុប ១២នាក់ បានធ្លាក់ខ្លួនឈឺដោយសារតែការពុលអាហារ បន្ទាប់ពីបានភ្លក់ផ្លែប៉ោមនៅចំការមួយកន្លែងក្នុងខេត្ត Ibaraki ប្រទេសជប៉ុនភាគខាងកើត។
មនុស្ស ១២នាក់ មានអាយុចន្លោះពី៣ឆ្នាំ ដល់៨០ឆ្នាំ បានត្អូញត្អែរមានរោគសញ្ញារួមមាន រាគ និងឈឺពោះ បន្ទាប់ពីបានភ្លក់ផ្លែឈើនៅចំការ Toyoda Apple Farm ក្នុងទីក្រុង Daigo ខេត្ត Ibaraki ។
រដ្ឋាភិបាលខេត្ត Ibaraki បានសន្និដ្ឋានថា វាជាករណីពុលអាហារ បន្ទាប់ពីប្រភេទវីរុស O157 នៃបាក់តេរី E. coli ត្រូវបានពិនិត្យឃើញនៅក្នុងលាមករបស់ជនរងគ្រោះ។
សេចក្តីរាយការណ៍បាននិយាយថា មនុស្សបីនាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យ រួមទាំងពីរនាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ មានក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ដែលកំពុងធ្វើការលាងឈាមនិងដាក់ឧបករណ៍ជំនួយដង្ហើម និងស្ត្រីម្នាក់ទៀតស្ថិតក្នុងអាយុ៧០ឆ្នាំ។
រដ្ឋាភិបាលខេត្តបាននិយាយថា ផ្លែប៉ោមពុំមានសារធាតុពុលដោយខ្លួនវានោះទេ ប៉ុន្តែត្រូវបានគេសន្និដ្ឋានថាមានសារធាតុពុលក្នុងអំឡុងពេលគេចុះធ្វើការនៅចំការ។